Facebook Fans

Tuesday, January 29, 2013

ថៃ​ប្រកាស​ជំហរ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ

ដោយ តាំង សារ៉ាដា 2013-01-29 RFA មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ថៃ ប្រកាស​ជំហរ​សន្តិភាព​របស់​ខ្លួន​ក្នុង​ការ​គោរព​ដល់​សេចក្តី​សម្រេច​នានា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ករណី​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ ភាគី​ទាំង​សង​ខាង​កំពុង​រង់ចាំ​សវនាការ​ជា​សាធារណៈ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ ក្នុង​ករណី​ជម្លោះ​ដី​ទំហំ​ជាង​បួន​គីឡូម៉ែត្រ​ក្រឡា​ក្បែរ​ប្រាសាទ​ព្រះវិហារ។ អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ថៃ លោក ផារ៉ាដន ផាត់ថាណាថាប៊ុត (Paradorn Pattanathabutr) បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ថា ក្រុម​ប្រឹក្សា​នេះ​នឹង​យល់​ព្រម​ឲ្យ​មាន​ការ​អភិវឌ្ឍ​រួម​គ្នា​រវាង​កម្ពុជា និង​ថៃ ក្នុង​តំបន់​ជម្លោះ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ប្រសិន​បើ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាត់​សេចក្តី​ឲ្យ​ដី​ទំហំ ៤ចុច ៦ គីឡូម៉ែត្រ​ក្រឡា ជា​របស់​កម្ពុជា ហើយ​ថា​ភាគី​ថៃ ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​នោះ។ កាសែត ឌឹ​ណេសិន (The Nation) របស់​ថៃ បាន​ដក​ស្រង់​សម្ដី​លោក ផារ៉ាដន ផាត់ថាណាថាប៊ុត ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ នេះ​ថា ប្រសិន​បើ​ថៃ ប្រកាន់​ជំហរ​របស់​ខ្លួន​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ នោះ​ប្រជាជាតិ​ថៃ ទាំង​អស់​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​សន្តិភាព​ទាំង​អស់​គ្នា បើ​មិន​ដូច្នេះ​ទេ នោះ​បញ្ហា​នឹង​អាច​ក្លាយ​ជា​បញ្ហា​ដ៏​ធំ។ ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​ភាគី​ថៃ ដែល​ចង់​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​កម្ពុជា ក្នុង​តំបន់​ជម្លោះ​ក្រោយ​សាល​ក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ដែរ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា លោក គុយ គួង មាន​ប្រសាសន៍​ថា គ្រប់​ភាគី​ទាំង​អស់​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​រង់ចាំ​ការ​បកស្រាយ និង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​មុន។ លោក គុយ គួង៖ «យើង​អត់​មាន​អ្វី​និយាយ​ទេ ព្រោះ​ឥឡូវ​ហ្នឹង​រឿង​ក្តី​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ហើយ។ ដូច្នេះ អ្វីៗ​ទាំង​អស់ យើង​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​ជា​មុន​សិន​បាទ។ យើង​មិន​អាច​និយាយ​ថា​អ៊ីចេះ ថា​អ៊ីចុះ​បាន​ទេ ហើយ​ភាគី​ទាំង​អស់​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ រង់ចាំ​មើល​សវនាការ​ជា​សាធារណៈ ហើយ​និង​រង់ចាំ​មើល​ការ​សម្រេច​ជា​ផ្លូវ​ការ​របស់​តុលាការ​សិន​បាទ»។ សវនាការ​ជា​សាធារណៈ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ ខែ​មេសា ហើយ​តម្រូវ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ធ្វើ​សេចក្តី​ថ្លែងការណ៍​ផ្ទាល់​មាត់។ តុលាការ​អន្តរជាតិ​មួយ​នេះ គ្រោង​ចេញ​សាល​ក្រម​ជា​ស្ថាពរ នៅ​ខែ​តុលា។ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ករណី​ជម្លោះ​ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​១៩៦២ ហើយ​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រាសាទ​ព្រះវិហារ និង​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​បញ្ជា​ឲ្យ​ភាគី​ថៃ ប្រគល់​វត្ថុ​បុរាណ​ទាំង​អស់​មក​ឲ្យ​កម្ពុជា វិញ៕