Facebook Fans

Tuesday, January 29, 2013

នគរបាល​ជាតិ​២​នាក់​ត្រូវ​ដក​ចេញ​ពី​តំណែង​ដោយ​សារ​បាញ់​ពលរដ្ឋ​ជំរិត​ទារ​ប្រាក់

នគរបាល​ជាតិ​២​នាក់​ត្រូវ​ដក​ចេញ​ពី​តំណែង​ដោយ​សារ​បាញ់​ពលរដ្ឋ​ជំរិត​ទារ​ប្រាក់ ដោយ សុខ សេរី 2013-01-29 RFI អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត្រ សាវឿន នៅ​ថ្ងៃ​​ទី​២៩ ​មករា សម្រេច​បណ្ដេញ​មន្ត្រី​នគរបាល​ជាតិ ២​នាក់ ចេញ​ពី​ការងារ និង​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដោយ​សារ​តែ​បាន​រក​ឃើញ​ថា មន្ត្រី​​​ទាំង​ពីរ​នាក់​នោះ​បាន​បាញ់​អាជីវករ​ដឹក​បន្លែ​ម្នាក់​រង​របួស​ធ្ងន់ ដើម្បី​ជំរិត​ទារ​ប្រាក់​ ២​ពាន់​រៀល​ថ្មីៗ​នេះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ទាំង​ពីរ​នាក់​នោះ​ទៅ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៩ ខែ​មករា ដើម្បី​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​ឃុំ​ខ្លួន​ក្រោម​បទ​បង្ក​របួស​ស្នាម និង​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នៃ​ការ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​អនុញ្ញាត និង​គ្មាន​ការ​ចាត់​តាំង ផ្ទុយ​ពី​ការងារ​របស់​នគរបាល​ជាតិ។ មន្ត្រី​នគរបាល​ជាតិ​ទាំង​ពីរ​នាក់​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ ទី១ ឈ្មោះ គង់ ណារ៉ា ជា​នគរបាល​ប៉ុស្តិ៍​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ឋានៈ​ព្រឹន្ទបាលឯក និង​ទី២ ឈ្មោះ យ៉ូ សុគា ជា​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ឋានៈ​ពលបាលឯក។ វិធានការ​បណ្ដេញ​ចេញ​ពី​ការងារ​ភ្លាមៗ​នេះ គឺ​ក្រោយ​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ទទួល​របាយការណ៍​ថា មន្ត្រី​នគរបាល​ជាតិ​ទាំង​ពីរ​នាក់​នោះ បាន​ធ្វើ​សកម្មភាព​ស្ទាក់​ទារ​ប្រាក់​ពី​អាជីវករ​ម្នាក់ ឈ្មោះ ឌី វិចិត្រ អាយុ ២៩​ឆ្នាំ ដែល​បាន​ដឹក​បន្លែ​ម្ទេស ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​យប់​ថ្ងៃ​ទី២៧ ខែ​មករា កន្លង​ទៅ​នេះ នៅ​វេលា​ម៉ោង​ជិត ១២​យប់ ប៉ុន្តែ​គេ​បាន​បាញ់​លើ​អាជីវករ​នោះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ នៅ​ពេល​មាន​ហិង្សា​ពាក្យ​សម្ដី។ ការ​ស្ទាក់​បាញ់​អាជីវករ​នោះ បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥ នៅ​ម្តុំ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៩ ខែ​មករា ថា ការ​ចាប់​ខ្លួន និង​ការ​បណ្ដេញ​ពី​ការងារ​នេះ គឺ​ជា​សារ​ដ៏​ខ្លាំង​មួយ​ជូន​មហាជន ឲ្យ​យល់​ថា អំពើ​នេះ​មិន​អាច​អត់​ឱន​បាន​ទេ។ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ៖ «ឲ្យ​យល់​ថា អំពើ តួនាទី និង​យល់​អំពី​ភារកិច្ច​របស់​ខ្លួន ថា​តើ​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​បែប​ណា ហើយ​មិន​អាច​ធ្វើ​អ្វី​មួយ​ដែល​ផ្ទុយ​បទ​បញ្ជា ឬ​ក្រៅ​ភារកិច្ច​ចាត់​តាំង​បាន​ឡើយ ហើយ​ក៏​មិន​អាច​យក​តួនាទី និង​ភារកិច្ច និង​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​កង​កម្លាំង​ប្រដាប់​អាវុធ មក​ធ្វើ​ការ​គាប​សង្កត់ ឬ​ក៏​ប្រព្រឹត្ត​បទ​ល្មើស​មក​លើ​ប្រជាពលរដ្ឋ​បាន​ទេ។ អីចឹង​ទេ គឺ​យើង​អនុវត្ត​ទាំង​អស់​គ្នា​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ថា ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»។ ជាមួយ​គ្នា​នេះ ភរិយា​របស់​អាជីវករ​រង​របួស លោក ឌី វិចិត្រ្ត គឺ​អ្នកស្រី វ៉ាត ស្រីល័ក្ខ អាយុ ២០​ឆ្នាំ បាន​ថ្លែង​ថា អ្នកស្រី​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​មន្ត្រី​នគរបាល​ទាំង​ពីរ​នាក់​នោះ ឲ្យ​បាន​តឹងរ៉ឹង៖ «ជិះ​មក​ដល់​រង្វង់​មូល ខេមខូ ស៊ីធី (Camco City) ហ្នឹង កន្លែង​ហ្នឹង​មាន​កន្លែង​ប្រចាំ​ការ កន្លែង​ហ្នឹង​ធ្លាប់​ឲ្យ​លុយ​វា​រាល់​ដង នៅ​ថ្ងៃ​ហ្នឹង ប្ដី​ខ្ញុំ​ប្រញាប់​យក​អីវ៉ាន់​ទៅ​ឲ្យ​គេ​ទៅ ក៏​ហួស​កន្លែង​វា​បន្តិច​ទៅ វា​ក៏​ជិះ​តាម ប៉ូលិស ២​នាក់​ហ្នឹង​ជិះ​តាម ជិះ​តាម​ហើយ​ក៏​វា​ជេរ​ថា អា​ចុយ​ម្រាយ ម៉េច​ក៏​ហ្អែង​មិន​ឈប់​បង់​លុយ​ឲ្យ​អញ។ ប្ដី​ខ្ញុំ​ឮ​អីចឹង គាត់​អត់​ឈប់​ទេ គាត់​ប្រញាប់​អីវ៉ាន់​ផង​អី​ផង វា​ក៏​ជិះ​ម៉ូតូ​ទៅ​ដល់​មុន វា​យក​ដុំ​ថ្ម​គប់​កញ្ចក់​ឡាន។ ដល់​ពេល​គប់​កញ្ចក់​ឡាន​បែក​ហើយ ប្ដី​ខ្ញុំ​ក៏​ចុះ​មក​មើល​ឡាន​ខូច​អ្វី​ខ្លះ ចុះ​មក​ក៏​វា​បាញ់​ប្ដី​ខ្ញុំ​មួយ​គ្រាប់​ទៅ ពាក់​ឯកសណ្ឋាន​សមត្ថកិច្ច ហើយ​មក​ធ្វើ​អីចឹង​ដាក់​ទៀត គ្រាន់​តែ​លុយ ២.០០០​រៀល ក៏​វា​អត់​និយាយ​ជាមួយ​ស្រួល​បួល​ទេ។ គាត់​ជា​មនុស្ស ហើយ​ខ្ញុំ​ក៏​ជា​មនុស្ស​ដូច​តែ​គ្នា​ទេ»។ អាជីវករ​ឈ្មោះ ឌី វិចិត្រ្ត នោះ​ត្រូវ​បាន​បាញ់​ចំ​ដោះ​ខាង​ឆ្វេង របួស​ធ្ងន់ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ឡើយ មិន​អាច​និយាយ​បាន។ ចំពោះ​រឿង​ប៉ូលិស ប៉េអិម ឈរ​ចាំ​ទារ​យក​លុយ​ឡាន រថយន្ត​ឈ្នួល និង​ឡាន​ដឹក​ទំនិញ​នៅ​តាម​ផ្លូវ គេ​សង្កេត​ឃើញ​មាន​ជា​ហូរហែ នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ៕